បុរសម្នាក់សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយ បណ្តាលឱ្យមន្ត្រីនគរបាលខេត្តកំពតស្លាប់ និងមនុស្ស ២នាក់រងរបួស

May be an image of motorcycle

ភ្នំពេញ៖ ស្ត្រីម្នាក់ជាមន្ត្រីនគរបាលខេត្តកំពត បានបាត់បង់ជីវិតយ៉ាងសោកស្តាយ ខណៈមនុស្ស ២នាក់ទៀតបានរងរបួស បន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ដោយរថយន្តមួយគ្រឿងបើកបុកម៉ូតូពីក្រោយ។ អ្នកបើកបររថយន្តត្រូវបានសង្ស័យថា ស្ថិតក្នុងស្ថានភាពស្រវឹង និងបើកបរក្នុងល្បឿនលឿន។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងជាង ១១យប់ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវខាងក្រោយផ្សារទំនើបអ៊ីអន ៣ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមព័ត៌មានបឋមបានឱ្យដឹងថា ជនរងគ្រោះ និងអ្នករួមដំណើរ ២នាក់ទៀត បានជិះម៉ូតូមួយគ្រឿងម៉ាក Scoopy នៅពេលរថយន្តបង្កបើកមកបុកពីក្រោយ បណ្តាលឱ្យស្ត្រីជាមន្ត្រីនគរបាលបាត់បង់ជីវិតនៅកន្លែងកើតហេតុ ខណៈអ្នករួមដំណើរ ២នាក់ទៀតរងរបួស។

ក្រោយកើតហេតុ អ្នកបើកបររថយន្តបានព្យាយាមបើករត់គេចខ្លួន ប៉ុន្តែត្រូវបានប្រជាពលរដ្ឋដេញឃាត់ខ្លួនបាន ហើយប្រគល់ជូនសមត្ថកិច្ច ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ តាមសេចក្តីរាយការណ៍បឋម បុគ្គលរូបនេះត្រូវបានសង្ស័យថាមានជាតិស្រវឹង ហើយក្រោយត្រូវបានឃាត់ខ្លួន បានលុតជង្គង់សំពះសុំទោសចំពោះហេតុការណ៍ដែលបានកើតឡើង។

ទន្ទឹមនឹងនេះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់មន្ត្រីក្រោមឱវាទ។ លោកបានលើកឡើងថា អ្នកបង្កត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ព្រមទាំងបានសម្តែងក្តីអាណិតអាសូរចំពោះកូនតូចៗ ២នាក់ ដែលបានបាត់បង់ម្តាយក្នុងឧបទ្ទវហេតុដ៏សោកសង្រេងនេះ។

បច្ចុប្បន្ន ករណីនេះកំពុងស្ថិតក្រោមការស៊ើបអង្កេត និងចាត់ការបន្តដោយសមត្ថកិច្ចជំនាញ ស្របតាមនីតិវិធីច្បាប់ជាធរមាន។

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *